អំពីខេត្តបាត់ដំបង

ចំងាយផ្លូវពីទីរួមខេត្តទៅតាមស្រុក ក្រុង នានា របស់ខេត្តបាត់ដំបង ៖

១/-ស្រុកបាណន់0       ៖ ២៨គម

២/-ស្រុកថ្មគោល         ៖ ២៨គម

៣/-ក្រុងបាត់ដំបង        ៖ ០គម

៤/-ស្រុកបវេល             ៖ ៥៣គម

៥/-ស្រុកឯកភ្នំ               ៖ ១៣គម

៦/-ស្រុកមោងឫស្សី      ៖ ៤៦គម

៧/-ស្រុករុក្ខគីរី              ៖ ៧៤គម

៨/-ស្រុករតនមណ្ឌល  ៖ ៣៥គម

៩/-ស្រុកសង្កែ              ៖ ៥គម

១០/-ស្រុកសំឡូត        ៖ ៨០គម

១១/-ស្រុកសំពៅលូន  ៖ ១២០គម

១២/-ស្រុកភ្នំព្រឹក          ៖ ១២០គម

១៣/-ស្រុកកំរៀង         ៖ ១២៥គម

១៤/-ស្រុកគាស់ក្រឡ  ៖ ៥៦គម

ដំណើររឿងនៃខេត្តបាត់ដំបង ៖

ខេត្តមួយនៅ ភាគពាយ័ព្យនៃ ព្រះរាជាណាចក្រ កម្ពុជា មានចម្ងាយ ២៩១ គីឡូម៉ែត្រ ពីក្រុងភ្នំពេញ តាមផ្លូវជាតិ លេខ ៥ ។ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ រស់នៅចំនួន ៧៩៣.១២៩ នាក់ (តួលេខឆ្នាំ ១៩៩៨) មានក្រឡាផ្ទៃ ១១.៧០២ គីឡូម៉ែត្រការ៉េ ចែកចេញជា ១៤ ស្រុក-ក្រុង ១០០ ឃុំ-សង្កាត់ និង ៧៨៦ ភូមិ ។ អ្វីដែលមាន ភាពល្បីល្បាញ នោះគឺ តាដំបងគ្រញូង ។

+ ប្រវត្តិនៃឈ្មោះ បាត់ដំបង
អ្នកតាដំបងគ្រញូង ជានិមិត្តរូបនៃ ខេត្តបាត់ដំបង ។ បើតាមសិលាចារឹក ថ្មប្រាសាទ ដែលយើងមាន និង បានរកឃើញ រហូតសព្វថ្ងៃ នៅមុនសម័យ និង សម័យអង្គរ គេពុំបានឃើញ ចែងឱ្យយើងដឹងថា តើសម័យនោះ មានភូមិស្រុក ណាមួយ ដែលមាន ឈ្មោះបាត់ដំបង នោះទេ ។ យើងក៏មិន ហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើ ឬ មិនប្រើ ក្នុងសម័យ នោះដែរ ប៉ុន្តែក្នុងសម័យអង្គរ និង ក្រោយអង្គរ តាមឯកសារ “មហាជនខ្មែរ” មានប្រើឈ្មោះ “ស្រុកបាត់ដំបង” ។ ហេតុអ្វីបានជា ហៅឈ្មោះ បាត់ដំបង ។ ប្រវត្តិសាស្ត្រ សរសេរលើ សិលាចារឹក មិនបានឆ្លើយ ឱ្យដឹងឡើយ គឺមានតែនៅក្នុង រឿងព្រេងប៉ុណ្ណោះគឺរឿង តាដំបងគ្រញូង ដែលខ្មែរយើង យល់ថាជារឿង កើតមានតាំងពី សម័យអង្គរ ដែលបានពន្យល់ ពីដើមហេតុ ដែលនាំឱ្យ យើងហៅ ឈ្មោះ “បាត់ដំបង” ឬ អូរដំបង ។ ឯឈ្មោះ “ព្រះដំបង” គឺស្តេចរាមាទី ១ បានកំណត់ ឱ្យហៅឈ្មោះ ភូមិសង្កែ ថាជា “ព្រះដំបង” ។

ក្រៅពីរឿងរ៉ាវ ដែលទាក់ទង នឹងតាដំបង គ្រញូង ខេត្តបាត់ដំបង ក៏ជាខេត្តមួយ ធ្លាប់មានឈ្មោះ ល្បីល្បាញ តាំងពីសម័យ សង្គមរាស្ត្រនិយម មកម៉្លេះ ខាងទាក់ទាញ ទេសចរ ហើយភាព ល្បីល្បាញនេះ បានបន្តកេរ្តិ៍ឈ្មោះ រហូតដល់ សព្វថ្ងៃនេះ ពិសេស គឺរមណីយដ្ឋាន ទេសចរណ៍ ។

រមណីយដ្ឋាន ទេសចរណ៍ ទាំងនោះរួមមាន ៖

+ វត្តបាយតម្រាំ តំបន់ទេសចរណ៍ សត្វជ្រឹង នៅបាត់ដំបង

បាត់ដំបង ក្រៅពីជង្រុកស្រូវ ដែលជា សរសៃឈាម សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏នៅមាន រមណីយដ្ឋាន ដ៏ប្រណីត ជាច្រើនរាប់មិនអស់ ជាទីឋានសម្រាប់ លួងលោម បបោសអង្អែល អារម្មណ៍ ភ្ញៀវទេសចរ ឱ្យសើចក្អាកក្អាយ សប្បាយរីករាយ ផុត ទុក្ខតប់ប្រមល់ កង្វល់ក្នុងចិត្ត ដែលបានកើតមាន ចំពោះរូបគាត់ម្នាក់ៗ ។ បច្ចុប្បន្ននេះ អ្នកទេសចរជាតិ និង អន្តរជាតិ កំពុងតែមាន ចំណាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើ កន្លែងទេសចរណ៍ ថ្មីមួយទៀតនោះ គឺ “ទ្រនំសត្វជ្រឹង” ។

ពេលដែលពួកគេ មកដល់ទីនេះហើយ ម្នាក់ៗជញ្ជក់មាត់ សរសើរថា ពិតជាគួរឱ្យចង់ គយគន់ មិនណាយមែន ។ ទ្រនំសត្វជ្រឹងនេះ ស្ថិតក្នុង វត្តបាយតម្រាំ ឃុំបាយតម្រាំ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់នឹង មាត់ស្ទឹងសង្កែ ។

ក្នុងអារាម ដ៏គួរជ្រះថ្លានេះ ក្រៅពីសំឡេង សូធ្យធម៌ដ៏ពីរោះ របស់ព្រះសង្ឃ ក៏នៅមានសូរសៀង ចេចចាច របស់ហ្វូង សត្វជ្រឹង និង លាយឡំដោយ ស្នូរស្លឹក ឈើដែលវាយោ បក់ផាត់ ពីទិសនិរតីល្ហៀកៗ មកលួងលោម ចិត្តអ្នកទេសចរ ឱ្យរឹតតែ ត្រូវមន្ត សណ្តំ ស្ទើរគ្រប់ៗគ្នា ។

នៅលើចុងនៃ ដើមច្រេស ដែលស្ទើរតែ គ្មានស្លឹកសោះ ដុះប្របមាត់ស្ទឹង ក្បែរក្បាលស្ពានដែក ពពួកសត្វជ្រឹង រាប់ពាន់ក្បាល ខ្លះកំពុង ប្រទាញប្រទង់ សំយុងក្បាល ចុះក្រោម បើកភ្នែក ក្រឡោតក្រឡាប់ សម្លឹងមកដី ខ្លះហើរឆាប ទៅឆាបមក ពីមែកមួយ ទៅមែកមួយ ខ្លះកំពុងប្រឡែង នឹងកូនៗរបស់វា ឯខ្លះទៀត កំពុងសាសង ស្នេហា គួរឱ្យចង់ទស្សនា ក្រៃលែង ។

ប្រាសាទបាណន់

ប្រាសាទបាណន់ សង់តាមរចនាបថ កណ្តាលសតវត្សរ៍ទី ១១ និង ចុងសតវត្សរ៍ទី ១២ ។ ព្រះរាជាដែលបាន កសាងមុនគេ គឺ ព្រះបាទ ឧទយាទិត្យាវរ្ម័នទី ២ (១០៥០ ដល់ ១០៦៦) ក្រោយមកត្រូវ បញ្ចប់ដោយ ព្រះបាទ ជយវរ្ម័នទី ៧ (១១៨១-១២១៩) ។ ប្រាសាទបាណន់ ត្រូវបានកសាង លើកំពូលភ្នំ ដែលមានកម្ពស់ ប្រមាណជាង ១០០ ម៉ែត្រ ដោយមានកាំជណ្តើរ ចំនួន ៣៥២ កាំ ស្ថិត នៅក្នុងឃុំកន្ទឺ ២ ស្រុកបាណន់ ចម្ងាយ ២៥ គីឡូ ម៉ែត្រ ពីទីរួមខេត្ត តាមដងផ្លូវខេត្ត លេខ ១៥៥ ស្របតាមដងស្ទឹង សង្កែ បែរទៅទិសនិរតី ។ នៅជើងភ្នំបាណន់ មានគូទឹក និង ល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និង ល្អាងបិទមាស ។

រមណីយដ្ឋាន ប្រាសាទបាណន់ គឺជារមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រផង និង ជារមណីយដ្ឋាន ធម្មជាតិផង ពីព្រោះកសាងឡើង នៅលើកំពូលភ្នំ ប្រកប ទៅដោយ ធម្មជាតិព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំងមាន ទឹកស្ទឹងសង្កែ រួមជាមួយផង ។ ភូមិ សាស្ត្រ និង បរិស្ថានជុំវិញ បានផ្តល់ អំណោយផល បន្ថែមទៀត លើវិស័យទេសចរណ៍ ពីព្រោះសងខាង ដងផ្លូវទៅកាន់ រមណីយដ្ឋាននេះ សម្បូរទៅដោយ ភោគផលដំណាំ កសិកម្ម ដូចជាស្រូវ ជាពិសេសចម្ការ ក្រូចពោធិ៍សាត់ ដ៏ល្បីល្បាញក្នុង ព្រះរាជា ណាចក្រ កម្ពុជា មានរសជាតិឆ្ងាញ់ ។ ដំណាំក្រូចផ្តល់ផល ក្នុងមួយឆ្នាំពីរដង ហើយបានដឹក ទៅលក់តាមបណ្តា ខេត្តនានា និង ទីក្រុងភ្នំពេញផង ។

ប្រាសាទវត្តឯកភ្នំ

ប្រាសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្ម រចនាបថក្នុង សតវត្សរ៍ទី ១១ កសាង ឡើងនៅក្នុងឆ្នាំ ១០២៧ ក្នុងរជ្ជកាល ព្រះបាទសុរិយវរ្ម័នទី ១ (១០០២-១០៥០ ) ។ ប្រាសាទវត្តឯកភ្នំ មានទីតាំងនៅក្នុង ឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយ ១៥ គីឡូម៉ែត្រ ពីទីរួម ខេត្ត ។

នៅជុំវិញប្រាសាទ មានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះ ត្រូវបាក់បែក ជាច្រើនអន្លើ ដោយមូលហេតុ ធម្មជាតិ និង ការជីកកកាយ ពីមនុស្ស ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ ក៏ប្រាសាទនេះ នៅមានទ្រង់ទ្រាយ ល្អខ្លះគួរឱ្យអ្នក ទេសចរជាតិ និង អន្តរជាតិមក ទស្សនា ។

ប្រាសាទបាសែត

ប្រាសាទបាសែត ត្រូវបានកសាង នៅក្នុងរជ្ជកាល ព្រះបាទសុរិយវរ្ម័នទី ១ (១០០២-១០៥០) ដែលមានទីតាំង លើទួលមួយ ចម្ងាយ ១៥ គីឡូម៉ែត្រ ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ។ ប្រាសាទបាសែត ជាស្ថាបត្យកម្ម ក្នុងសតវត្សរ៍ទី ១១ កសាងឡើង ក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២ ។ នៅក្បែរ ប្រាសាទ មានស្រះទឹក បុរាណមួយ រាងការ៉េ ២០ ម៉ែត្របួនជ្រុង ជម្រៅ ១២ ម៉ែត្រ ។ លក្ខណៈពិសេស របស់ស្រះទឹក បុរាណ នេះគឺមានទឹក ខួបប្រាំង ខួបវស្សា ។

ប្រាសាទស្នឹង

ប្រាសាទស្នឹង ស្ថិតនៅក្នុង ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយ ២២ គីឡូ-ម៉ែត្រ ពីទីរួមខេត្ត ។ ប្រាសាទស្នឹង កសាងអំពីឥដ្ឋ នៅលើទួលមួយ បណ្តោយ ៣០ ម៉ែត្រ ទទឹង ២០ ម៉ែត្រ ។ តាមការសង្កេតមើល ប្រាសាទនេះ មានលក្ខណៈ ប្រហាក់ ប្រហែលគ្នា នឹង បណ្តា ប្រាសាទកសាង ក្នុងសតវត្សរ៍ទី ១២ ដែរ ។ ប្រាសាទចំនួនពីរ ស្ថិតនៅក្នុង បរិវេណវត្តស្នឹង និង មួយទៀត ស្ថិតនៅពីមុខវត្ត នៅលើបណ្តោយ ផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ ពីខេត្តបាត់ដំបង ទៅក្រុងប៉ៃលិន ។

ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន ធម្មជាតិមួយ ដែលភ្ញៀវទេសចរ និយមទៅកម្សាន្ត ពិសេស ភ្ញៀវក្នុងស្រុក នៅថ្ងៃសម្រាក ឬ បុណ្យប្រពៃណី ផ្សេងៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យ ភ្ជុំបិណ្ឌ ៘ រមណីយដ្ឋាននេះ មានទីតាំងស្ថិត នៅតាមដង ផ្លូវជាតិលេខ១០ ខាងឆ្វេងដៃ មានចម្ងាយ ១៣ គីឡូម៉ែត្រ ពីទីរួមខេត្ត ។

បើពិនិត្យឱ្យ ហ្មត់ចត់ ភ្នំនេះមាន ទ្រង់ទ្រាយ ដូចជាសំពៅ មានកម្ពស់ ១០០ ម៉ែត្រ មានកាំ ជណ្តើរជាង ៧០០ កាំ ។ ក្នុងតួភ្នំទាំងមូល មានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗ ដែលគេ និយមទស្សនា គឺល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុភ ។ នៅលើកំពូល ភ្នំ មានវត្ត មួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរ ភ្នំសំពៅ មានចង្កោមភ្នំ ផ្សេងៗទៀត ដែលមាន ទំនាក់ទំនង ជាមួយរឿង ព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាង រំសាយសក់ ៘ ដែលសុទ្ធតែជា រមណីយដ្ឋាន ធម្មជាតិ ។ ភ្នំសំពៅ ស្ថិតនៅក្នុងភូមិឃុំ ភ្នំសំពៅ ស្រុកបាណន់ ។

អាងកំពីងពួយ

អាងកំពីងពួយ បានត្រូវកសាងឡើង ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ។ ប្រជាពលរដ្ឋ ជាច្រើន រយពាន់នាក់ ត្រូវស្លាប់ក្នុងការ កសាងអាងទឹកនេះ ហើយក៏មានមនុស្ស មិនតិចឡើយ ដែលបានសម្លាប់ នៅពេលកសាង អាងទឹកនេះ ។ អាងកំពីងពួយ ស្ថិតនៅចន្លោះ ភ្នំពីរ គឺ ភ្នំគល់ និង ភ្នំតាង៉ែន ក្នុងឃុំ តាគ្រាម ស្រុកបាណន់ មានចម្ងាយ ៣៥ គីឡូម៉ែត្រ ពីទីរួមខេត្ត និង មានចម្ងាយ ១៩ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិ លេខ ១០ ត្រង់ចន្លោះ ភ្នំក្រពើ និង ភ្នំ ទ្រុងមាន់ ។
ទំនប់អាង មានបណ្តោយ ៧.៥០០ ម៉ែត្រ និង ទទឹងមាន ១.៩០០ ម៉ែត្រ អាច ផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែត្រគុប នៅក្នុងរដូវវស្សា គឺជាប្រភពទឹក សម្រាប់ស្រោចស្រព តាមសេចក្តីត្រូវការ ក្នុងវិស័យកសិកម្ម ។ អាងកំពីងពួយ មិនគ្រាន់តែ ផ្តល់ ផលប្រយោជន៍ យ៉ាងច្រើនក្នុង វិស័យកសិកម្ម តែមួយមុខ ប៉ុណ្ណោះទេ ជាពិសេស លើសពីនេះទៀត បានផ្តល់ប្រយោជន៍ យ៉ាងសំខាន់ បម្រើឱ្យវិស័យ ទេសចរណ៍ គឺជា រមណីយដ្ឋានមួយ ដែលទេសចរជាតិ និង អន្តរជាតិ និយមទៅលម្ហែ យកខ្យល់ អាកាស បរិសុទ្ធ ទស្សនាភ្នំ និង ងូតទឹកលេង ។

ទស្សនាព្រែកទ័ល

តំបន់ព្រែកទ័ល នៃបឹងទន្លេសាប គឺជាតំបន់ដែល សម្បូរទៅដោយ ធនធាន ធម្មជាតិ សម្រស់ធម្មជាតិ ផ្ទៃបឹងដ៏ស្រស់ស្អាត ទីនោះកំពុងតែ ទាក់ទាញភ្ញៀវ ទេសចរបរទេស ឱ្យទៅទស្សនាកាន់តែ មានចំនួនច្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ ។ អ្នកទេសចរ នឹងត្រេកត្រអាល ដោយក្តីពេញចិត្ត ទៅនឹងអ្វីៗដែលមាន នៅទីនោះ ដូចជា មើលព្រៃលិច ទឹកការរស់នៅលើ ទឹករបស់ប្រជាពលរដ្ឋ ការនេសាទត្រី ជាដើមជាពិសេស នៅរដូវនេះ ជារដូវដែល សត្វស្លាប ដ៏កម្រនៅលើ ពិភពលោក កំពុងតែពងកូន ហើយ វា បានធ្វើឱ្យមានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នក ទេសចរ ដែលចង់ឃើញ ។ អ្វីដែលសំខាន់ សម្រាប់អ្នកទេសចរ ទៅកម្សាន្តនៅ តំបន់ព្រែកទ័ល គឺគេអាចមើល សត្វស្លាបកម្រ ដែលមានច្រើន ប្រភេទ មើលព្រៃលិចទឹក មើលជីវភាព រស់នៅ របស់ គ្រួសារ ប្រជាពលរដ្ឋ នៅលើភូមិ បណ្តែតទឹក មើលសកម្មភាព នៃការនេសាទត្រី ការចិញ្ចឹមត្រី និង ការចិញ្ចឹមក្រពើ ជាលក្ខណៈ គ្រួសារដែលរស់នៅ លើផ្ទះបណ្តែតទឹក ក្នុងបឹងទន្លេសាប មើលក្បូនជីរបណ្តែតទឹក (ដាំជីរនៅលើក្បូន) និង អាចមើលពី ធម្មជាតិ ជាលក្ខណៈ ជីវៈចម្រុះ និង ធន ធានធម្មជាតិ ផ្សេងៗទៀត ដែលមានទាក់ទង នឹងផ្ទៃទឹកទន្លេសាប ទាំងមូលតែម្តង ។ ក្រៅពីនេះ អ្នកទេសចរថែមទាំង អាចស្វែងយល់ ពីគ្រូចូលរូប បែបអប្បិយជំនឿ នៅទីនោះ ថែមទៀត ផងដែរ ។
លក្ខណៈពិសេស ដែលអ្នកទេសចរ ចាប់អារម្មណ៍ ខ្លាំងជាងគេ គឺការទស្សនា ហ្វូងសត្វស្លាប ដែលមាន ប្រមាណជា ៧ ប្រភេទ ដែលកំពុងទទួល រងការជិតផុត ពូជនៅលើ ពិភពលោក នៅក្នុងតំបន់ ព្រែកទ័ល នៃបឹងទន្លេសាប ជាពិសេសនៅ ក្នុងអំឡុង ខែ មេសា និង ឧសភា ហ្វូងសត្វស្លាប ដែលកម្រកំពុង តែពងកូន ។ សត្វស្លាប កម្រទាំងនោះ រួមមានដូចជា សត្វត្រដក់ និង ប្រភេទ រនាលពណ៌ ជាដើម ។
តំបន់ព្រែកទ័លនេះ ត្រូវបានគេចាត់ទុក ថាជាតំបន់ ដែលមានពពួក សត្វស្លាប កម្រទាំងនេះ ច្រើនជាងគេនៅ លើពិភពលោក ។ ដោយសារតំបន់នេះ មានលក្ខណៈ ធម្មជាតិ សម្បូរបែបដូច្នេះ ត្រូវគេចាត់ទុកថា ជាតំបន់ទេសចរណ៍ បែបលក្ខណៈ ធម្មជាតិ ដ៏សម្បូរ បែបបំផុត ។ អ្នកទេសចរ ដែលចង់ទៅ ទស្សនាតំបន់ ទេសចរណ៍ នោះអាចធ្វើដំណើរ បានដោយការជិះទូក ហើយអាចចេញ ពីបួនចំណុចទៅកាន់ ទីនោះ តែកន្លងមកភាគច្រើន ចេញពីខេត្ត សៀមរាប ដែលអ្នកទេសចរ ធ្វើដំណើរ តាមរថយន្ត ប្រមាណជា ៣០ នាទី ទៅដល់ភូមិ ចុងឃ្នាស ហើយផ្លាស់ប្តូរ ពីរថយន្ត ទៅជិះទូក ឬ កាណូតដែលមាន ម៉ាស៊ីន ដោយចំណាយពេល ប្រមាណជាមួយម៉ោង កន្លះទៅដល់ ភូមិព្រែកទ័ល ។ ទីនោះហើយ ជាកន្លែងទស្សនា សត្វស្លាបដែលត្រូវ បានគេធ្វើរាន នៅលើទឹក សម្រាប់អ្នកទេសចរ ឈរ ឬ អង្គុយមើល សត្វស្លាប ចំនួន ២២ រាន ។

One Response to អំពីខេត្តបាត់ដំបង

  1. Lovepeehs05 says:

    ឃើញទំនប់កំពីងពួយ កើតឆ្ងល់ តើហតុអ្វីបានជាគេ ដាក់ឈ្មោះទំនប់កំពីងពួយ ? បើភ្នំកំពីងពួយនៅឆ្ងាយដល់ទៅ ៧-៨ គីឡូម៉ែត្រឯណោះ ! ហើយធ្វើអោយខ្ញុំ នឹកដល់ទំនប់អូដូនតា ដែលជាទំនប់មេទឹក នាំទឹកមកទំនប់កំពីងពួយនេះ ដែលមានចម្ងាយប្រហែលជា ២០ គីឡូម៉ែត្រ ខាងលិចឬឈៀងនិរតី នៃទំនុបកំពីងពួយនេះ តាមពិតខ្ញុំមិនដែលឃើញទំនប់កំពីងពួយទេ ទើបតែឆ្នាំ ១៩៩៩ បានជិះឡានឆ្ងងកាត់ ពីស្រុកបវេល ទៅក្បែរភ្នំសំពៅ រួចកាច់ទៅបប៉ៃលិន ទៅញាំបាយនិង កាត់សក់នៅប៉ៃលិន (កំពុងកាត់សក់ សួរគេរក លោក ខៀវ សំផន គេថា ខៀវ សំផន នៅស្រុកអាមេរិក ! ជាងកាត់សក់ប្រាប់ ) រួចហើយធ្វើដំណើរឆ្លងកាត់ ស្រុកសាលាក្រៅ ហើយកាត់ព្រៃស្ងាត់ជ្រៀប បើកឡានឆ្លងស្ទឹងខាងលិចភូមិតាគត់ ប៊ិសរសាត់តាមទឹក ទ្រឡប់ទៅបវេលវិញ ជាថ្ងៃទី ១ ។

    ស្អែកឡើងថ្ងៃទី ២ ចេញមកពីបវេលម្តងទៀត តាមផ្លួវឆ្ពោះទៅបន្ទាយឡែម ចូលលេងដីថៃមួយសន្ទុះ មកញាំបាយនៅបឹងអន្លក់ ហើយសួរគេរក តាបៃ ចូលផ្ទះ តាបៃ នៅបឹងអន្លក់ តាបៃមិននៅ បន្តរដំណើរឆ្លងកាត់តាម អូទិពសូដា (ទីស្នាក់ការស្រុកភ្នំព្រឹកសព្វថ្ងៃ) កាត់ក្បែរជើងភ្នំព្រឹក ចូលអូរល្ហុង ចេញទៅភ្នំបារាំងធ្លាក់ ចូលចក្រក្រី សំដៅបឹងបេង ភ្នំម៉ាលៃ តម្រង់ទៅកូនដំរី (និមិត្ត) ហើយទៅភុមិថ្មី មួយនៅខាងជើងនិមិត្ត សួរសុខទុកបងប្អូន កើតជាយប់ងងឹតឈឹង ធ្វើដំណើរទាំងយប់ងងឹត ទៅស្វាយស៊ីសាផុន ឡានគេទៅឈប់ក្បែរផ្ទះ ដែលមានលក់ផ្លែឈើគ្រឿងក្លែម ហើយស្រីៗស្រុកគេ ហ្នឹងចិត្តល្អណាស់ បក់ដៃអោយចូលលេងផ្ទះគេ កេងផ្ទះគេ ខ្ញុំថា អុញ ! ស្គាល់ពួកខ្ញុំពីអង្កាល់ ? ប្អូនៗខ្ញុម គេចាប់ដៃខ្ញុំថា មិនអោយបងឯងទៅទេ ! មិននៅយូរទេ ប្រញាប់បន្តរធ្វើដំណើរ ទៅតាម ភ្នំបន្ទាយនាង អូរស្ងួត ភ្នំធំ ភ្នំតូច អូរញរ មេច្បារ ថ្មគោល បាញ់ទៅបវេលវិញ ម៉ោង ១០ យប់ ល្មម !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: