ជួយគិត ហេតុអ្វីព្រះរាជក្រឹត្យលើកលែងទោស អ្នកព័ត៌មានពុំដឹង?


ជាធម្មតា រាល់ព័ត៌មានសំខាន់ៗ របស់សង្គមខ្មែរ យើង តែងតែមានការ ចុះផ្សាយ យ៉ាងព្រោងព្រាត តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជាតិ-អន្តរជាតិ ពិសេសសារព័ត៌មានដែលស្និទ្ធជាមួយរដ្ឋាភិបាល ច្រើនតែទទួល បាននូវព្រឹត្តិការណ៏សំខាន់ៗ មុខគេ យកទៅចុះផ្សាយ ភ្លាមៗតែម្តង។

ចុះហេតុអី? ករណីព្រះរាជក្រឹត្យលើកលែងទោស ទណ្ឌិតចំនួន ៥នាក់ មួយច្បាប់នេះដែលជាករណី រដ្ឋាភិបាលបច្ចុប្បន្នធ្លាប់បានចាត់ទុកថា ជាអំពើ រដ្ឋប្រហារ បែរជាពុំមានព័ត៌មានណាមួយយកមក ចុះផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ របស់ពួកគេ សោះ ឬក៏ករណីនេះ វាមានអ្វី នៅជាអាថ៌កំបាំង ពីខាងក្រោយទៀត។

នៅក្នុងសង្គមកម្ពុជាយើង រឿងអាថ៌កំបាំងរបស់ អ្នកនយោបាយ ឬការលាក់ព័ត៌មាននេះវាមិនសូវ ទទួលបានផលល្អទេ សំរាប់ ប្រជាពលរដ្ឋ ឬជនរងគ្រោះឡើយ​។ ផ្ទុយទៅវិញ វាបង្កឲ្យមាន ភាពមហន្តរាយដល់ពលរដ្ឋ ឬនាំឲ្យ មាន ការ ខាតបង់ ទៅដល់ជនរងគ្រោះ។

ការបង្កឲ្យមានមហន្តរាយ ឬមានការខាតបង់ដល់ពលរដ្ឋ ឬជនរងគ្រោះ ត្រង់ថា វាអាចនឹង មានករណីកើតឡើង ជាយថាហេតុ ដូច៖

-ជនឪកាសនិយមមួយចំនួន អាចគេងបន្លំ ឬបោកបញ្ឆោត ជនរងគ្រោះ ឲ្យខាតបង់ទ្រព្យសម្បត្តិ។

-មន្រ្តីខិលខូចមួយចំនួន អាចមិនអនុវត្តន៏ កិច្ចការនេះទៅតាមច្បាប់ទំលាប់សង្គមជាតិ។

-អ្នកនយោបាយមួយចំនួន គេអាចយកករណីនេះ ទៅបង្កើតព្រឹត្តិការណ៏អ្វី ថ្មីផ្សេងពីនេះទៀត ដើម្បីកម្ចាត់ក្រុម អ្នកនយោបាយ មួយទៀត ឬខ្សែបក្សម្ខាងទៀត នៅក្នុងបក្សដូចគ្នា។

ការដែលបានលើកឡើង ខាងលើនេះ ពុំមានន័យ ថា យើងមិនមានការសាទរ ជាមួយករណី លើកលែងទោសនេះនោះទេ គឺយើងសូម ស្វាគមន៏ ចំពោះកាយវិការទន់ភ្លន់ របស់រដ្ឋាភិបាល នៃករណីមួយនេះ ព្រោះពួកក្រុម ទណ្ឌិត ទាំងអស់នេះ សុទ្ធជាពលរដ្ឋខ្មែរ ដែលត្រូវបានរងគ្រោះ ដោយសារតែល្បិចកល ទុច្ចរិត របស់អ្នកនយោបាយ ខ្វះគុណធម៌ ចំពោះពលរដ្ឋកម្ពុជាយើង។

វាជារឿងត្រឹមត្រូវហើយ សង្គមមនុស្សត្រូវមាន អ្នកនយោបាយដឹកនាំ ព្រោះក៏ដោយសារតែ អ្នកនយោបាយ ជាអ្នកជួយរៀបចំសង្គម ឲ្យមានសណ្តាប់ធ្នាប់ ប្រកបដោយ ភាពរីកចំរើន ដល់សង្គមជាតិ និងសង្គមគ្រួសារ ពលរដ្ឋទាំងមូល។

ចំពោះ ករណីមួយនេះ យើងមានសង្ឃឹមថា នឹងពុំមានករណីអកុសល ណាមួយដូចបាន លើកឡើងខាងលើដែលនាំបង្កឲ្យមានគ្រោះភ័យ ដល់សង្គមជាតិខ្មែរយើង ឬជនរងគ្រោះ នោះទេ។

“ក្នុងសង្គមមនុស្សជាតិ ត្រូវតែមានអ្នកដឹកនាំ ដោយជៀសមិនផុត អ្នកដឹកនាំកើតចេញ ពីក្រុមអ្នកនយោបាយ ហើយអ្នកនយោបាយ មានពីរក្រុម គឺក្រុមល្អ និងក្រុមឃោរឃៅ ដូច្នេះបើពលរដ្ឋជ្រើសបាន ក្រុមអ្នកនយោបាយ ឃោរឃៅ ច្បាស់ជានាំគ្រោះភ័យមក ដល់ខ្លួនជារៀងដរាប ប៉ុន្តែបើពលរដ្ឋយើងជ្រើសរើស បានក្រុម អ្នកនយោបាយល្អ ពលរដ្ឋ និងសង្គមជាតិទាំងមូល ប្រាកដជាទទួលបានការរីកចំរើន និងជឿនលឿន ជាបន្តបន្ទាប់” ៕