ករណីភិក្ខុ គឿន រ៉ាវី អ្នកច្បាប់ សម​ រង្ស៊ី នឹងបន្តសុំជួបមេគណខេត្ត !!


ក្រោយពីក្រុមប្រឹក្សា ខេត្ត និង ក្រុមប្រឹក្សា ស្រុកបាណន់ នៃ គណបក្ស សម រង្ស៊ី ដាក់លិខិត ស្នើសុំ ឲ្យមេគណ ខេត្ត ពិនិត្យ ឡើងវិញ អំពី សេចក្តី សម្រេច បង្គាប់ឲ្យ ភិក្ខុ គឿន រ៉ាវី លាចាកសិក្ខាបទ តាមរយៈ លោក អ៊ុក វង្ស ជា ប្រធាន ក្រុមប្រឹក្សា ខេត្តបាត់ដំបង តែនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០១១ វេលា ១០:៥៨នាទី ថ្ងៃត្រង់ លោក ឌឹម សារឿន សមាជិក ក្រុម ប្រឹក្សា ខេត្ត នៃគណបក្ស សម រង្ស៊ី បានទូរស័ព្ទ ទៅលោក អ៊ុក វង្ស ប្រធាន ដើម្បី សាកសួរ ព័ត៌មាន ករណី លិខិត អន្តរាគមន៏ របស់ក្រុមប្រឹក្សា ខេត្ត និង ក្រុមប្រឹក្សា ស្រុកបាណន់ នៃគណបក្ស សម រង្ស៊ី អំពី ករណី ភិក្ខុ គឿន រ៉ាវី ពេលនោះ លោក អ៊ុក វង្ស បានឆ្លងតប មកវិញថា “ក្នុងលិខិតនេះ មានឈ្មោះ សមាជិក ក្រុមប្រឹក្សា ស្រុក ដែរ អញ្ចឹង ខ្ញុំមិនអាច ចុះហត្ថលេខា បានទេ ” ក្រោយមក លោក ឌឹម សារឿន តបវិញថា “អញ្ចឹង ពួកខ្ញុំ សរសេរ ស្នើសុំ ម្តងទៀត ” ពេលនេះ លោក អ៊ុក វង្ស ឆ្លើយថា “មិនបាច់ សរសេរ មកទេ សមាជិក ក្រុមប្រឹក្សា អាចសរសេរ លិខិត ទៅដោយផ្ទាល់ ហើយខ្ញុំ ក៏មិនចង់ លូកដៃ ក្នុង រឿងសាសនា ទេ” ។

ដោយមិនអាចទុក រឿងនេះ ឲ្យបង្អង់ នៅយូរ បានឡើយ ក្រុមប្រឹក្សា ខេត្ត និង ក្រុមប្រឹក្សា ស្រុកបាណន់ នៃ គណបក្ស សម រង្ស៊ី បានបន្ត សរសេរ លិខិត អន្តរាគមន៏ ដោយផ្ទាល់ ទៅប្រគេន មេគណខេត្ត ព្រមជាមួយ និង ការចម្លងផ្ទាល់ជូន អង្គការ ការពារ សិទ្ធិមនុស្ស ជាតិ និង អន្តជាតិ ដើម្បី ស្នើសុំ ការជួយអន្តរាគមន៏ ពីសំណាក់ អង្គការ ទាំងនោះ ដល់ ភិក្ខុ គឿន រ៉ាវី ដែលព្រះអង្គ កំពុងតែ គង់ពួន ព្រះកាយ នៅក្នុងកុដិ។

ជាលទ្ធផល ជាក់ស្តែង ថ្ងៃនេះ យើងឃើញមាន អង្គការ ការពារ សិទ្ធិមនុស្ស លីកាដូ និង ឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំនៅ ខេត្តបាត់ដំបង បាននិមន្ត ភិក្ខុ គឿន រ៉ាវី និង ពុទ្ធបរិស័ទ្ធ ចំណុះជើង វត្តសូរិយារាម បាយដំរាំ មកធ្វើការ សាកសួរ នៅទីស្នាក់ការ អង្គការ ក្នុងទីរួមខេត្ត ។ ប៉ុន្តែ យើងនៅតែ មិនទាន់ បានទទួល ព័ត៌មាន អ្វីពី មន្រ្តីសង្ឃ ខេត្តបាត់ដំបង នៅឡើយទេ តែទោះ ជាយ៉ាងណា ក៏ដោយ ក៏ ក្រុមអ្នកច្បាប់ គណបក្ស សម រង្ស៊ី នឹងបន្ត ដាក់ពាក្យ ស្នើសុំ ជួបមន្រ្តី សង្ឃ ខេត្ត ដោយផ្ទាល់ ល្គឹកណា នៅតែ ពុំមានការ ឆ្លើយតប ទៅនឹង លិខិតអន្តរាគមន៏ នេះ ៕