មនុស្សគ្រប់គ្រងមនុស្ស ដូច្នេះត្រូវតែរៀនយល់អំពីមនុស្ស !!!
ខែវិច្ឆិកា 5, 2012 បញ្ចេញមតិ
ជាការពិតណាស់ សង្គម មនុស្ស នៅលើ សកល លោក យើងនេះ មិនអាចគ្រប់ មនុស្ស ណាមួយ ដោយគ្មាន អ្នកដឹកនាំ និងអ្នកគ្រប់គ្រង បានឡើយ គឺចាំ បាច់ត្រូវតែមាន ។ អញ្ចឹងហើយ បានជាយើងឃើញ កាលពីសម័យ បុព្វកាល និងសម័យបច្ចុប្បន្ន នៃ ប្រទេសផ្តាច់ការ មួយចំនួន ឃើញ មានក្រុមមនុស្ស មួយក្រុមតូច បានរៀបចំ ដឹកនាំ គ្រប់គ្រង មនុស្ស ភាគច្រើន មួយនគរ ដោយប្រើមធ្យោបាយឃោរឃៅ យុងឃ្នង ធ្វើបាប មកលើ ប្រជារាស្រ្ត ស្លូតត្រង់ យ៉ាងរង្គាល បំផុត ក៏ព្រោះពួកអ្នកដឹកនាំ និងអ្នកគ្រប់គ្រង ទាំងនោះ គេបានធ្វើការ សិក្សា ស្វែងយល់ អំពី កម្រិតចិត្តសាស្រ្ត មនុស្សទូទៅ ច្បាស់លាស់ យ៉ាងល្អិតល្អន់ បំផុត ។
តែដោយក្រោយៗមក មានក្រុម អ្នកមនសិការ និយមភាពត្រឹមត្រូវ និយមមនុស្ស ស្រឡាញ់ មនុស្ស, មនុស្ស ត្រូវមាន គុណធម៌ ចំពោះមនុស្សដូចគ្នា ដែល គ្មានការរើសអើង អ្នកតូច អ្នកធំ ចេញធ្វើ សកម្មភាពមហាជន យ៉ាងផុសផុល ពាសពេញ សកលលោក ទើបធ្វើឲ្យ ចរិករបស់ ពួកអ្នកដឹកនាំ និងគ្រប់គ្រងក្រោយៗ រហូតរៀងមក ផ្លាស់ប្តូរ គំនិត ពីឃោរឃៅ ផ្តាច់ការ កាយវិការ ប្រជាភិថុតនិយម មកជាការដឹកនាំ បង្ហាញ ពីស្នាដៃ នៃការអភិវឌ្ឍន៏ សង្គមជាតិ ទៅតាម ការវិវឌ្ឍន៍ របស់ វិទ្យាសាស្រ្តវិញ ជាបន្តបន្ទាប់ រហូតរៀង មកដល់ បច្ចុប្បន្ននេះ ។
ដូច្នេះ នាពេលបច្ចុប្បន្ននេះ ក្នុងនាមយើង ជាមេដឹកនាំក្តី ឬជាអ្នកគ្រប់គ្រងក្តី ត្រូវចេះ “អង្គុយឲ្យទាប និយាយឲ្យរាប បញ្ញាឲ្យវៃ” ស្វែងយល់ អំពី អត្តចរិក របស់បុគ្គល ទាំងឡាយណា ដែលកំពុងស្ថិតនៅ ជុំវិញខ្លួនយើង ជារៀងរាល់ថ្ងៃ ព្រោះមនុស្សគ្រប់គ្នា ទាំងអស់ សុទ្ធតែមាន ទស្សនៈ និងការយល់ដឹងផ្សេងៗ ពីគ្នា ។ អញ្ចឹងហើយ បានជា តម្រូវឲ្យ គ្រប់មេដឹកនាំ ឬអ្នកគ្រប់គ្រង ទាំងអស់ ជាមនុស្សពូកែខាងសង្កេត មើលមនុស្ស ប្រកបដោយ ភាពអត់ធ្មត់បំផុត ។
បើដូច្នេះមែន វាច្បាស់ជាគ្រប់មេដឹកនាំ ឬអ្នកគ្រប់គ្រងទាំងអស់ ពិបាកនឹង ការវាយតម្លៃ មនុស្ស ជាក់ជាមិនខានឡើយ ។ ព្រោះមានមនុស្ស នៅក្រោមបង្គាប់ មានច្រើន រហូតដល់រាប់មិនអស់ ក៏មានដែរ? តើគ្រប់មេដឹកនាំ ឬអ្នកគ្រប់គ្រងទាំងអស់ ត្រូវមើលមនុស្សទាំងអស់នោះ តាមវិធីណាទៅ ? ។
មកដល់ចំណុចត្រង់នេះ បើតាមការពិសោធរបស់ខ្ញុំផ្ទាល់ និងតាមការធ្លាប់អាន សៀវភៅ អំពី ក្បួនមើលទំនោរចិត្តមនុស្ស ទៅតាមទម្រង់ មុខមាត់ គឺខ្ញុំធ្លាប់បានចែក មនុស្ស ដែលនៅជុំវិញខ្លួន ជា ៤ជំពូក ដូចខាងក្រោម ៖
១-ជំពូកមនុស្ស ពូកែខាងគំនិត (រៀបចំយុទ្ធសាស្រ្ត) ៖ មនុស្សជំពូកនេះ ពុំសូវ ជាសម្បូរ ប៉ុន្មានទេ ហើយពួកគាត់ ក៏ពុំសូវចង់បង្ហាញមុខមាត់ ប៉ុន្មានដែរ គឺពួកគាត់ ចូលចិត្ត ផ្តល់គំនិត ហើយពួកគាត់ នឹងពេញចិត្តនៅជាមួយយើង នៅពេលពួកគាត់ យល់ថា យើងបាន ទទួលយកគំនិត របស់ពួកគាត់ ទៅអនុវត្ត ។
២-ជំពូកមនុស្ស ពូកែខាងអនុវត្ត (ធ្វើសកម្មភាព) ៖ មនុស្សជំពូកនេះ ក៏កម្រនឹង នៅជាមួយនឹង យើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) ណាស់ ព្រោះមនុស្ស ជំពូកនេះ ត្រូវការ ឲ្យយើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) យកចិត្តទុកដាក់ និងកិច្ចការ ដែលគេបានធ្វើ ជាមួយនឹង ការពិគ្រោះយោបល់ ជាមួយពួកគាត់ ឲ្យបានញឹកញាប់ លើសពីនេះ ទៅទៀត គឺ មនុស្សជំពូកនេះ ងាយនឹង បាក់ទឹកចិត្ត នៅពេលដែល គាត់ឃើញថា យើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) ឲ្យតម្លៃ អ្នកផ្សេង ខ្ពស់ជាងពួកគាត់ ។
៣-ជំពូកមនុស្ស ពូកែខាងទ្រឹស្តី (គ្មានការអនុវត្តន៍) ៖ មនុស្សជំពូកនេះ សម្រាប់ សង្គមកម្ពុជា យើងបច្ចុប្បន្ន គឺ សម្បូរបែបណាស់ ហើយមនុស្សជំពូកនេះ ក៏មានលក្ខណៈ ប្រហាក់ប្រហែល នឹងមនុស្ស ជំពូកទី៤ដែរ តែមនុស្សជំពូកនេះ ពួកគាត់ ពូកែខាង បញ្ជូនសារ នយោបាយ និងចូលចិត្ត ឲ្យយើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) ឧស្សាហ៍ ទំនាក់ទំនង ពួកគាត់ ឲ្យបានញឹកញាប់ ខ្លាំងណាស់ដែរ ។
៤-ជំពូកមនុស្ស ពូកែខាងអែបអប មេៗ (ល្អរូបភាព) ៖ មនុស្ស ជំពូកនេះ សម្បូរ ណាស់ តែយើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) មិនសូវ ជាលំបាក និងគ្រប់គ្រង ពួកគាត់ ណាស់ណាទេ គឺគ្រាន់យើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) ឧស្សាហ៍ហៅ ពួកគាត់ ទៅជាមួយ នៅពេលយើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) ចុះទៅបំពេញការងារ ឬពិធីអ្វីមួយ ។ តែត្រង់នេះ ចូរ ! យើង (អ្នកដឹកនាំ ឬអ្នកគ្រប់គ្រង) ប្រយ័ត្នប្រយែង ការច្រណែន របស់ មនុស្ស ជំពូកទី២ខាងលើ ។
តាមការរៀបរាប់ ខាងលើ សរឲ្យឃើញថា ៖ មនុស្សទាំងអស់ សុទ្ធតែមានប្រយោជន៏ ទាំងអស់ រៀងៗគ្នា តែវាគ្រាន់តែ ក្នុងនាមយើង ជាអ្នកដឹកនាំ ឬអ្នកគ្រប់គ្រង មាន ទេពកោសល្យ ក្នុងការដឹកនាំ ឬគ្រប់គ្រង ឲ្យស្រប តាមទំនោរ ចិត្តមនុស្សម្នាក់ៗ បានកំរិតណា ? ។ មកដល់ត្រង់នេះ តាមការពិសោធន៍ របស់ខ្ញុំ គឺខ្ញុំហ៊ាននិយាយថា “ក្នុងនាម ជាមេដឹកនាំ ឬអ្នកគ្រប់គ្រង ត្រូវមាន គោលវិនិច្ឆ័យ ច្បាស់លាស់ មិនត្រូវ ត្រចៀកស មិនត្រូវស៊ីជោរជ្រុល និងត្រូវប្រើមនុស្ស ឲ្យចំទំនោរចិត្ត របស់មនុស្ស” ជៀសវៀង ការកើតឡើង នូវភាពច្រណែនគ្នា ដែលអាចនឹង នាំឲ្យ មាន វិវាទផ្ទៃក្នុង កើតមានឡើង ជាយថាហេតុ ៕